ខេត្តតាកែវ ៖ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ០០ នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ មានទី១ឈ្មោះ វ៉ន ណាត់ ហៅ ខ្នាត់ ភេទ ប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងទី២មានឈ្មោះ ផាន់ណា សារ៉ា ហៅ ឆារ៉ា ភេទ ប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ នៅចំណុចផ្ទះជួលមួយកន្លែងនៅភូមិកាន់តំរ៉ា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម កើតឡើងនៅត្រង់ចំណុចមន្ទីរពហុព្យាបាល និង សម្ភព អង្គរពេជ្រចំបក់ ស្ថិតនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២១ និង៤៨នាទី។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ វ៉ន ណាត់ បានឱ្យដឹងថា នៅថ្ងៃកើតហេតុរូបខ្លួន និងបក្សពួកមានគ្នាចំនួន ៧នាក់ បានឈ្លោះប្រកែកគ្នាជាមួយឈ្មោះ ឡាច វិច្ឆិកា ហៅ ឆេះ ភេទ ប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ហើយនិងឈ្មោះ លីម ឆៃឡេង ហៅ ចេ ភេទ ប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ខណៈនោះ បក្សពួកខ្លួនទាំង ៧ នាក់ បានធ្វើសកម្មភាពដកដាវដេញកាប់ ជនរងគ្រោះឈ្មោះ ឡាច វិច្ឆិកា ហៅ ឆេះ ក៏បានលោតចុះពីលើម៉ូតូរួចយកដុំថ្ម ក្បែរចិញ្ចើមផ្លូវគប់មកលើបក្សពួកក្រុមជនសង្ស័យ ហើយគេចខ្លួន រីឯជនរងគ្រោះម្នាក់ទៀតឈ្មោះ លីម ឆៃឡេង ហៅ ចេ ព្យាយាមជិះម៉ូតូគេចខ្លួនទៅទិសខាងជើង មកដល់មុខមន្ទីរពហុព្យាបាល និង សម្ភព អង្គរពេជ្រចំបក់ បានផ្ទួលម៉ូតូចោល រួចរត់ចូលទៅក្នុងមន្ទីរពេទ្យ ជនសង្ស័យឈ្មោះ អឿន សំណាង ហៅ ភី ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមុខសញ្ញាកាប់ប្លន់ម៉ូតូ) មានទីលំនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ជិះដេញតាមមានកាន់ដាវមួយដើម ហើយរត់ដេញតាមក្រោយ ទាន់កាប់យកៗតែម្ដងជាច្រើនដាវ រហូតជនរងគ្រោះដេកសន្លប់ក្នុងថ្លុកឈាមក្នុងមន្ទីរពេទ្យ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យនិងបក្សពួករត់ឡើងម៉ូតូគេចខ្លួនបាត់ ។
ដោយឃាត់ខ្លួន កម្លាំងជំនាញដកហូតបានវត្ថុតាងរួមមាន ម៉ូតូធុន C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ចំនួន ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IJ-8891 ដែលជាមធ្យោបាយជិះធ្វើសកម្មភាព ដាវសាំម៉ូរៃចំនួន ៣ ដើម កាំបិតតាំងតោចំនួន ១ ដើម ពូថៅចំនួន ១ ដើម កាំបិតស្នៀតចំនួន ១ ដើម កាំបិតចិតបន្លែចំនួន ១ ដើម និង កាំបិតចិតបន្ទួសចំនួន ១ ដើម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី រីឯជនសង្ស័យចំនួន ៥នាក់ទៀត រួមទាំងជនដៃដល់ដែលកំពុងរត់គេចខ្លួន កម្លាំងជំនាញបានកំណត់មុខសញ្ញា និងបន្តស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសឱ្យខានតែបាន។