ភ្នំពេញ ៖ លោកចោរដូចជាឌឺលោក ថេង កុសល មេប៉ុស្តិ៍ចោមចៅទី៣ពេកហើយ ពិតជាហ៊ានមែន ធ្វើសកម្មភាពគាស់តូបលក់ដូរចំនួន២តូប ដែលនៅខាងមុខជាប់របង ជញ្ជាំងបន្ទប់ប៉ុស្តិ៍នគរបាល
ដែលស្ថិតនៅផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ លួចយកទ្រព្យសម្បត្តិអស់មួយចំនួនធំ មិនបង្ករំខានដល់កម្លាំងនគរបាលដែលដេកប្រចាំការ ជាប់តូបនោះផ្ទាល់ រហូតដល់ព្រឹកឡើងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ម្ចាស់ទាំង២នាក់ទៅបើកតូបលក់ដូរ ទើបដឹងថា ចោរគាស់សោរ លួចអស់ ។
តូបទី១ ជាតូបលក់កាហ្វេ ភេសជ្ជៈ របស់ក្មួយស្រី លោកចៅសង្កាត់ចោមចៅទី៣ បាត់បង់លុយកាក់ របស់របរបន្តុចបន្តួច ។ តូបទី២ ជាតូបលក់ភេសជ្ជៈ របស់ប្រពន្ធ លោកមេភូមិថ្នល់បំបែក បាត់បង់អស់គ្រឿងកំប៉ុង របស់របរ សរុបជិត៤០០ដុល្លារ ។
តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះគិតថាមានសុវត្តិភាព តូបលក់ដូរទាំង២ ស្ថិតនៅខាងមុខជាប់របងប៉ុស្តិ៍នគរបាល នឹងសាលាសង្កាត់ ក្រោយពីឈប់លក់ដូរយប់ឡើងចាក់សោរ ម្យ៉ាងទៀតនៅជាប់ជញ្ជាំងប៉ុស្តិ៍ និងតូប
មានមន្ត្រីនគរបាលស្នាក់នៅពេលយប់ដែរ តែដល់ពេលនៅយប់កើតហេតុ មិនដឹងថាយ៉ាងម៉េច បានជាចោរគាស់សោរ ទ្វារតូបបានស្រួលម្ល៉េះ លួចខ្ទេចគ្រឿងឥវ៉ាន់លក់ដូរ។
សកម្មភាពលោកចោរមួយករណីនេះ ហាក់បីដូចជាឌឺលោក ថេង កុសល មេប៉ុស្តិ៍ចោមចៅទី៣ពេកហើយ ៕