ភ្នំពេញ- នៅថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គស្នងការដ្ឋានគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការបញ្ជូនជនសង្ស័យជនជាតិជប៉ុន ចំនួន ២៥នាក់ និងវត្ថុតាងមួយចំនួនចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុនវិញ ដោយទីភ្នាក់ងារនគរបាលជាតិជប៉ុន បានធ្វើការបញ្ជូនយន្តហោះពិសេស ព្រមទាំងមានកងកម្លាំងមកធ្វើការអមជនសង្ស័យ ដើម្បីយកអនុវត្តនីតិវិធី។
ជនសង្ស័យទាំងនេះ ត្រូវបានបង្ក្រាបកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ នៅទីតាំងអាគារមួយកន្លែង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការលួចលាក់ធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធទូរស័ព្ទ ទៅលើជនរងគ្រោះនៅប្រទេសជប៉ុន។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចកម្ពុជា សូមអំពាវនាវ ដាស់តឿន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលជាម្ចាស់អាគារជួល ឬទីតាំងជួលនានា ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះការជួលទីតាំងរបស់ខ្លួនទៅឲ្យជនបរទេស ដោយត្រូវសាកសួរព័ត៌មានអំពីគោលបំណងនៃការជួល និងត្រូវមានពិនិត្យឲ្យបានច្បាស់លាស់ជៀសវៀងកុំឲ្យមានរឿងបែបនេះទៀត។