ភ្នំពេញ÷ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវចាតិលេខ៥សង្កាត់គីឡូលេខ ៦ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ វេលាម៉ោង០០:៤០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៣០ខែមករាឆ្នាំ២០២៣ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត ford EVERESTពណ៌សពាក់ស្លាកលេខភ្នំពេញ 2BN-7887 ធ្វើដំណើរតែម្នាក់ឯងតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីស្ពានព្រែកព្នៅឆ្ពោះទៅកាន់រាជធានីភ្នំពេញ ស្រាប់តែមកដល់ចំណុចកើតហេតុរថយន្ត ក៏រេចង្កូតមកឆ្វេងដៃឡើងខឿនសួនច្បារពុះចែកទ្រង់ផ្លូវនិងជ្រុលទៅបុកស្លាកសញ្ញាចរាចរណ៍បាក់២ដើម រួចរថយន្តប្លោងទៅបុករូបព្រះបដិមាក ទើបទៅមុខលែងរួច។
ភ្លាមៗនោះគេឃើញម្ចាស់រថយន្ត បានចេញពីក្នុងរថយន្តស្រវេស្រវ៉ាឡើងជិះកង់បីគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនមានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងរួចក៏រាយការណ៍ទៅកាន់ជំនាញចរាចរណ៍ក្រុងដើម្បីមកស្ទូចយករថយន្តបង្កយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។