បុរសម្នាក់ស្រវឹងជោគបើករថយន្ដ Ford Raptor បុកអ្នកជិះម៉ូតូ និងកិនបន្ថែមបណ្ដាលឲ្យស្លាប់នៅខណ្ឌព្រែកព្នៅ ខណៈគ្រួសារជនរងគ្រោះបង្ហោះសារសោកសង្រេង ភ្ជាប់ជាមួយរូបភាពបុណ្យសព
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បុរសម្នាក់ស្រវឹងជោគបើករថយន្ដ Ford Raptor បុកអ្នកជិះម៉ូតូ និងកិនបន្ថែមបណ្ដាលឲ្យស្លាប់នៅខណ្ឌព្រែកព្នៅ ខណៈគ្រួសារជនរងគ្រោះបង្ហោះសារសោកសង្រេង ភ្ជាប់ជាមួយរូបភាពបុណ្យសព


 បុរសម្នាក់ស្រវឹងជោគបើករថយន្ដ Ford Raptor បុកអ្នកជិះម៉ូតូ និងកិនបន្ថែមបណ្ដាលឲ្យស្លាប់នៅខណ្ឌព្រែកព្នៅ ខណៈគ្រួសារជនរងគ្រោះបង្ហោះសារសោកសង្រេង ភ្ជាប់ជាមួយរូបភាពបុណ្យសព, ស្នងការរាជធានីភ្នំពេញ បញ្ជាឲ្យចាត់វិធានការច្បាប់តឹងរឹងបំផុត


រាជធានីភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បានបើករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Ford F-150 Raptor ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2BL-6655 ក្នុងស្ថានភាពស្រវឹងជោគជាំ បុកអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗមួយរំពេច រួចបន្ដទៅបុកតូបលក់កាហ្វេមួយទៀត ទើបទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវបេតុងវត្តជុំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។


សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរថយន្ដបង្កបុក និងកិនបន្ថែមបណ្ដាលឲ្យស្លាប់នេះ ជិះម៉ូតូមួយគ្រឿងម៉ាក ZUSUKI VIVA ពាក់ផ្លាកលេខភ្នំពេញ 1Y-2966។ ប្រភពព័ត៌មានបានបញ្ជាក់ថា ដើមឡើងរថយន្ដបុកម៉ូតូភ្លាម ជនរងគ្រោះមិនទាន់បាត់បង់ជីវិតនោះទេ ពោលគ្រាន់តែរងរបួស ហើយងើបឡើង ប៉ុន្ដែរថយន្ដមិនឈប់នោះទេ ដោយអ្នកបើកបរបានបើកកិនពីលើបន្ថែម បណ្ដាលឲ្យជនរងគ្រោះស្លាប់តែម្ដង រួចបានជ្រុលទៅបុកតូបកាហ្វេទើបទៅមុខលែងរួច។



រូបភាពវីដេអូនៅកន្លែងកើតហេតុ បានឲ្យដឹងទៀតថា អ្នកបើកបររថយន្ដបង្កដែលជាបុរសវ័យចំណាស់នោះ ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ហើយសូម្បីតែដើរក៏មិនរួចផង ដោយត្រូវសមត្ថកិច្ចគ្រាឲ្យឡើងជិះម៉ូតូ ទាំងដែលជនបង្កនោះ ហាក់ព្យាយាមគេចវេសពីកន្លែងកើតហេតុទៀតផង។




យ៉ាងណាមិញ ក្រោយកើតហេតុ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ និងធ្វើការវាស់វែងដោយយករថយន្ដ និងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់នៅពេលក្រោយ។



ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញសារព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះថា ករណីនេះលោកបានដាក់បទបញ្ជាឲ្យអនុវត្តវិធានការច្បាប់ដ៏តឹងរឹងបំផុត។ លោកបានបញ្ជាក់បែបនេះថា «ខ្ញុំបញ្ជាឲ្យចាត់វិធានការតាមផ្លូវច្បាប់ ដ៏តឹងរឹងបំផុត»។


ជាមួយគ្នានេះ ក្រុមគ្រួសាររបស់ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ បានបង្ហោះនូវសារ និងភ្ជាប់ជាមួយរូបភាពនៃការធ្វើបុណ្យសពដ៏គួរឲ្យសោកសង្វេងនៅពេលបាត់បង់សមាជិកគ្រួសារភ្លាមៗមួយរំពេច ដោយសារតែជនស្រវឹងបើករថយន្ដបុកស្លាប់យ៉ាងដូច្នេះ។



ម្ចាស់គណនីឈ្មោះ Noun Channmariya ដែលជាកូនរបស់ជនរងគ្រោះ បានបង្ហោះសារបែបនេះថា «នេះជាអ្វីដែលអ្នកបន្សល់ទុកឲ្យគ្រួសារខ្ញុំ ដែលអ្នកយកឪពុក លោកតា ប្ដី ពីគ្រួសារខ្ញុំ តើង្នកត្រូវសងអ្វីឲ្យសាកសមសម្រាប់គ្រួសារខ្ញុំ។ ឪពុកខ្ញុំគាត់ងើបរួចហើយ ហេតុអ្វីអ្នកបន្ថែមទៀត អ្នកមានចេតនាធ្វើអត្តឃាតឪពុកខ្ញុំរឺ»។


គួរជម្រាបថា មួយរយៈពេលចុងក្រោយនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានហក់ឡើងខ្ពស់គួរឲ្យព្រួយបារម្ភ ពិសេសកើតឡើងនៅពេលរាត្រី ដែលភាគច្រើនជនបង្កស្ថិតតែក្នុងស្ថានភាពស្រវឹង ហើយនៅពេលមានគ្រោះថ្នាក់ម្ដងៗ ជនរងគ្រោះសុទ្ធតែបាត់បង់ជីវិត៕

Previous Post Next Post